Category: Uncategorized

លេខាធិការដ្ឋាន AEEBF1 រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀប ចំវេទិកានាពេលខាងមុខ
នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ក្រុមលេខាធិការដ្ឋានរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ បានជួបប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំវេទិកាជាមួយលោក Stewart Clayton ប្រធាននាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិនៃស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា តាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពការងារត្រៀមរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១។

កិច្ចប្រជុំពិភាក្សាលើគម្រោងថវិកាសម្រាប់ព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូល ASEM13
កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានរៀបចំកិច្ចពិភាក្សាលើគម្រោងថវិការបស់លេខាធិការដ្ឋាន និងអនុគណៈកម្មការទាំង០៥ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ក្រោមអធិបតីភាព ឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានប្រចាំការអនុគណៈកម្មការហិរញ្ញវត្ថុ និង លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានអនុគណៈកម្មការរៀបចំព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ តាមរយៈប្រព័ន្ធវីដេអូ (Zoom meeting)។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ជាតំណាងនៃក្រុមការងាររៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ផងដែរ។

កិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារ របស់ក្រុមការងារពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំ “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១”
(រាជធានីភ្នំពេញ)៖ កាលពីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់ក្រុមការងារពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំ “វេទិកាសេដ្ឋកិច្ច និង ធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” តាមរយៈប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងមន្រ្តីនៃនាយកដ្ឋានជំនាញ សរុបចំនួន ៤៤រូប។ គោលបំណង នៃកិច្ចប្រជុំខាងលើនេះគឺដើម្បីពិនិត្យ លើវឌ្ឍនភាពការងាររបស់គណៈកម្មការ លេខាធិការដ្ឋាន និងក្រុមការងារបច្ចេកទេសរៀបចំ “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១”។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានមានមតិស្វាគមន៍ និងបានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា គ្រោងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ “កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣” នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ បាននិងកំពុងបន្តការរាលដាលយ៉ាងខ្លាំងលើសកលលោក បានធ្វើឱ្យការត្រៀមរៀបចំកិច្ចប្រជុំកំពូលនេះ ត្រូវបានពន្យាពេល និងសម្រេចរៀបចំ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីឌេអូវិញ។ ដោយឡែក វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ គឺជាវេទិកាអមមួយក្នុងចំណោមវេទិកាអមទាំង០៧ របស់កិច្ចប្រជុំកំពូល ASEM-13 ដែលក្រសួងពាណិជ្ជកម្មកំពុងត្រៀមរៀបចំ។ វេទិកានេះ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ តាមរយៈប្រព័ន្ធវីឌេអូ ដូចនឹងកិច្ចប្រជុំកំពូល ASEM ដែរ។
វេទិកានេះជាឱកាសសម្រាប់អ្នកដឹកនាំអាជីវកម្មមកពីទ្វីបអាស៊ី និងអឺរ៉ុបធ្វើការទំនាក់ទំនងគ្នារវាងប្រទេសក្នុងទ្វីបទាំងពីរ ក៏ដូចជាចែករំលែក និងពិភាក្សាកិច្ចការ ដែលទាក់ទងលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងជាវេទិកាសម្រាប់មេដឹកនាំនយោបាយមកពីទ្វីបទាំងពីរ ចូលរួមដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍនៃបណ្តាប្រទេសទាំងអស់ក្នុងទី្វបទំាងពីរ អាស៊ី-អឺរ៉ុប។
បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ឱកាសជូន ឯកឧត្តម-លោកជំទាវ ប្រធានក្រុមការងារនីមួយៗ រាយការណ៍អំពីវឌ្ឍនភាពការងាររបស់ខ្លួនដែលមានដូចជា៖ ក្រុមលេខាធិការដ្ឋាន បានរៀបចំគេហទំព័ររបស់វេទិកា, បានរៀបចំឯកសារពាក់ព័ន្ធ និងជួបជាមួយដៃគូ សហការ, បានរៀបចំអញ្ជើញវាគ្មិន និងភ្ញៀវចូលរួម។ ក្រុមការងារឯកសារ និងផ្សព្វផ្សាយព័ត៌មាន បានរៀបចំឯកសារមួយចំនួនសម្រាប់ដាក់ចូលក្នុងគេហទំព័ររបស់វេទិកា, បានរៀបចំ Concept Note និងកម្មវិធីវេទិកា, និងបានចូលរួមប្រជុំជាមួយក្រុមការងារក្រសួងព័ត៌មានក្នុងការរៀបចំវីដេអូផ្សព្វផ្សាយ។ ក្រុមការងារពិធីការ រៀបចំកន្លែងប្រជុំ ដឹកជញ្ជូន សិល្បៈ និងសន្តិសុខ បានរៀបចំ ទីតាំងសម្រាប់វេទិកា, រៀបចំគំរូប្លង់ពិធីបើក និងដំណើរការនៃវេទិកា, បានទំនាក់ទំនងជាមួយក្រុមហ៊ុនឯកជនដែលត្រូវរៀបចំប្រព័ន្ធ បច្ចេកទេសអ៊ីនធ័រនែត, រៀបចំអ្នកបកប្រែ, និងរៀបចំឧបករណ៍វាស់កម្តៅ ម៉ាស និងអាល់កុលលាងដៃ ស្របតាមវិធានការពាររបស់ក្រសួងសុខាភិបាល។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានមានមតិបូកសរុប ណែនាំការងារមួយចំនួន និងកោតសរសើរដល់ក្រុមការងារទាំងអស់ដែលបានខិតខំបំពេញការងារតាមភារកិច្ចរៀងៗខ្លួននាពេលកន្លងមក។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” នឹងដំណើរការទៅមុខបានយ៉ាងរលូន និងទទួលបានជោគជ័យ៕

ព្រឹត្តិការណ៍អមរបស់ ASEM13 មានវឌ្ឍនភាពល្អខណៈកិច្ចប្រជុំកំពូលកាន់តែជិតចូលមកដល់
នៅព្រឹកថ្ងៃទី ២៧ ខែសីហាឆ្នាំ ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សានិងពិនិត្យឡើងវិញអំពីវឌ្ឍនភាពនៃការរៀបចំ និងការត្រៀមខ្លួនកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ (ASEM13) និងព្រឹត្តិការណ៍អមរបស់ខ្លួន។
កិច្ចប្រជុំបានពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍អមនៅពេលកិច្ចប្រជុំកំពូលខិតជិតមកដល់ហើយបានពិភាក្សាអំពីការរៀបចំបន្ថែមនៃព្រឹត្តិការណ៍នីមួយៗដែលត្រូវការសម្របសម្រួលបន្ថែមទៀតរៀងៗខ្លួន។ លោកជំទាវតឹករ៉េក កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានរាយការណ៍ដោយសង្ខេបអំពីវឌ្ឍនភាពរបស់វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១ AEEBF1 និងបានជូនដំណឹងអំពីកិច្ចការងារបន្តដែលក្រុមការងារត្រូវបន្តរៀបចំដើម្បីអាចឱ្យវេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ នេះរៀបចំបានដោយជោគជ័យ។
នៅពេលទទួលបានព័ត៌មានថ្មីៗអំពីវឌ្ឍនភាពរបស់ វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១ (AEEBF1) អង្គប្រជុំបានកោតសរសើរចំពោះគណៈកម្មការរៀបចំនិងស្វាគមន៍លទ្ធផលជាផ្លែផ្កាជោគជ័យនៃ វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១។

ស្ថានទូត សភាពាណិជ្ជកម្ម និងដៃគូអាស៊ីនិងអឺរ៉ុបស្វាគមន៍កិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្មក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធី AEEBF1
ក្នុងការរៀបចំសម្រាប់វេទិកាសេដ្ឋកិច្ចនិងពាណិជ្ជកម្មអាស៊ី-អឺរ៉ុបលើកទី ១ (AEEBF1) ក្រសួងពាណិជ្ជកម្ម ដែលទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំនូវវេទិកាដ៏សំខាន់នេះ បានធ្វើការស្នើជួបពិភាក្សាការងារជាមួយបណ្តាស្ថានទូត និងសភាពាណិជ្ជកម្មបណ្តាប្រទេសអាស៊ីនិងអឺរ៉ុបនានានៅកម្ពុជា ដើម្បីរៀបចំកិច្ចប្រជុំពិភាក្សាក្នុងគោលបំណងស្វែងយល់ពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរួមគ្នាសម្រាប់ វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១ (AEEBF1) ។
ចាប់តាំងពីដំណាក់កាលដំបូងនៃការរៀបចំ ក្រសួងពាណិជ្ជកម្មបានរៀបចំកិច្ចប្រជុំផ្សេងៗ និងបានធ្វើការជាបន្តបន្ទាប់ជាមួយស្ថានទូត សភាពាណិជ្ជកម្ម និងដៃគូអាស៊ីនិងអឺរ៉ុបដើម្បីពិនិត្យ និងកែសម្រួលលើឯកសារពាក់ព័ន្ធនានាត្រៀមសម្រាប់វេទិកា AEEBF1។ ជាលទ្ធផល ក្រសួងពាណិជ្ជកម្មបានទទួលបាននូវការផ្តល់យោបល់ និងធាតុចូលជាបន្តបន្ទាប់ពីដៃគូទាំងអស់ ដើម្បីអាចឱ្យវេទិកានេះអាចត្រូវបានរៀបចំតាមការរៀបចំល្អបំផុត។ កិច្ចប្រជុំជាមួយដៃគូរបស់យើងរួមមាន៖
- កិច្ចប្រជុំក្រុមការងារជាមួយតំណាងមូលនិធិអាស៊ី-អឺរ៉ុបនៅថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០២០
- កិច្ចប្រជុំក្រុមការងារជាមួយតំណាងស្ថានទូតសហព័ន្ធរុស្ស៊ីនៅថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២១
- កិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងស្ថានទូតចក្រភពអង់គ្លេសនៅថ្ងៃទី ១៨ ខែមករាឆ្នាំ ២០២១
- កិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា នៅថ្ងៃទី ១៩ ខែមករាឆ្នាំ ២០២១
- កិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងស្ថានទូតប្រ៊ុយណេ នៅថ្ងៃទី ២៧ ខែមករាឆ្នាំ ២០២១
- កិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងស្ថានទូតសាធារណរដ្ឋសឹង្ហបុរីនៅថ្ងៃទី ០២ ខែកុម្ភៈឆ្នាំ ២០២១
- កិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងសភាពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី ០៤ ខែកុម្ភះឆ្នាំ ២០២១
- កិច្ចប្រជុំពិភាក្សាការងារជាមួយអ្នកតំណាងរបស់សភាពាណិជ្ជកម្មអង់គ្លេសប្រចាំនៅកម្ពុជា នៅថ្ងៃទី ០៥ ខែកុម្ភះឆ្នាំ ២០២១
-
កិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងសភាធុរកិច្ចអន្តរជាតិប្រចាំនៅកម្ពុជា នៅថ្ងៃទី ០៥ ខែកុម្ភៈឆ្នាំ ២០២១
កិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងស្ថានទូតសាធារណរដ្ឋបារាំងនៅថ្ងៃទី ០៣ ខែមីនាឆ្នាំ ២០២១
កិច្ចប្រជុំធ្វើការជាមួយតំណាងមូលនិធិអាស៊ី-អឺរ៉ុបនិង BRUEGEL នៅថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០២១
កិច្ចប្រជុំការងារជាមួយតំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២១
វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១” ដែលជាព្រឹត្តិការណ៍អមដ៏សំខាន់មួយរបស់ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលនឹងត្រូវធ្វើតាមប្រព័ន្ធវីដេអូនៅព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ ២០២១ក្រោមមូលបទ“ ការផ្លាស់ប្តូរទៅគន្លងប្រក្រតីភាពថ្មី៖ លើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្ម ៤.0” ។

បទយកការណ៍៖ ការរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ នឹងបង្ហាញអន្តរជាតិឱ្យឃើញថា កម្ពុជាជាតួអង្គសំខាន់មួយសម្រាប់ការអភិវឌ្ឍពិភពលោក
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា វេទិកា «សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១» ( 1st ASIA-EUROPE ECONOMIC AND BUSINESS FORUM ) ដែលគ្រោងរៀបចំឡើងនៅខែវិច្ឆិកា ឆ្នាំ២០២១នេះ ជាឱកាសល្អសម្រាប់អ្នកធុរកិច្ចនិងអ្នកនយោបាយ ចូលរួមចែករំលែកនិងពិភាក្សាពីកិច្ចការទាក់ទងវិស័យពាណិជ្ជកម្ម ខណៈដែលវេទិកានេះ មានការចូលរួមពីវាគ្មិនជំនាញៗនិងអ្នកជំនួញធំៗមកពីប្រទេសជាសមាជិកនៃទ្វីបអាស៊ីនិងអឺរ៉ុប ។
ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១បានថ្លែងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី០៩ខែកញ្ញានេះថា វេទិកានេះនឹងមានការចូលរួមពីវាគ្មិនជំនាញៗ និងអ្នកជំនួញធំៗឡើងមកជជែកពិភាក្សាទៅលើការធ្វើពាណិជ្ជកម្មដើម្បីជំរុញឱ្យសេដ្ឋកិច្ចពិភពលោកវិលរកភាពប្រក្រតីឡើងវិញបន្ទាប់ពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការធ្វើពាណិជ្ជកម្មបៃតងជាដើម ដែលមានគុណប្រយោជន៍ច្រើនសម្រាប់ពិភពលោកក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០។ ជាមួយគ្នានេះ ឯកឧត្តម សំហេង បូរ៉ា មានសុទិដ្ឋិនិយមថា «គុណប្រយោជន៍សម្រាប់ប្រទេសកម្ពុជា វាបង្ហាញឱ្យឃើញថា កម្ពុជាយើងអាចដឹកនាំវេទិកាពិភពលោកមួយបានល្អ បានបង្កើននូវការយល់ដឹងបានច្រើនជាងមុនសម្រាប់ពិភពលោកឱ្យបានដឹងថាកម្ពុជាជាតួអង្គសំខាន់មួយសម្រាប់ការអភិវឌ្ឍពិភពលោកយើងតទៅមុខទៀត។ យើងជាប្រទេសតួចមួយមែន ជាប្រទេសដែលមានវោហារធំ មានទឹកចិត្តជួយជំរុញការអភិវឌ្ឍពិភពលោកឱ្យកាន់តែរីកលូតលាស់»។
បើតាមឯកឧត្ដម សំហេង បូរ៉ា វេទិកានេះវាជាឱកាសសម្រាប់កម្ពុជាបង្ហាញដល់ប្រទេសនៅទ្វីបអាស៊ី និងអឺរ៉ុបជាពិសេសពិភពលោកផ្ទាល់ឱ្យស្គាល់ប្រទេសកម្ពុជាជាប្រទេសមួយដែលរីកចម្រើនដល់កម្រិតមួយអាចរ៉ាប់រងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកម្រិតអន្តរជាតិ ជាប្រទេសមានសុវត្ថិភាព បើទោះកូវីដញ៉ាំញីដល់សុខភាពប្រជាពលរដ្ឋនិងប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិខ្លាំងក្លាក្ដី ប៉ុន្តែកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំបើកយុទ្ធនាការចាក់ថ្នាំបង្ការកូវីដ-១៩ជូនប្រជាពលរដ្ឋ បានច្រើនរហូតជាប់ចំណាត់ថ្នាក់លេខពីរក្នុងចំណោមប្រទេសអាស៊ានទាំង១០។ ចំពោះការ ខិតខំដើម្បីការពារសុខុមាលភាពពីការរាតត្បាតនៃជំងឺកូវីដ-១៩នេះត្រូវបានឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិងប្រធានលេខាធិការដ្ឋានក្រុមការងាររៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ចាត់ទុកថា ជាចំណុចពិសេសមួយទៀតដែលពិភពលោកអាចមើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមានសុវត្ថិភាពការពារកុំឱ្យមានការឆ្លងរាលដាលពីជំងឺកូវីដ-១៩បានល្អ ហើយអ្នកទេសចរបរទេសអាចនឹងមានទំនុកចិត្តចង់មកទស្សនាប្រទេសកម្ពុជា។
ពាក់ព័ន្ធនឹងការរៀបចំធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM 13) របស់កម្ពុជានេះដែរ ឯកឧត្ដម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ អនុប្រធានប្រចាំការគណៈកម្មាធិការជាតិ និងជាអនុប្រធានលេខាធិការដ្ឋានរៀបចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នាពេលកន្លងទៅបានលើកឡើងថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបហៅកាត់ថា (ASEM) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះជាឱកាសសម្រាប់ថ្នាក់ដឹកនាំ ជាពិសេសថ្នាក់ដឹកនាំអញ្ជើញមកពីទ្វីបអឺរ៉ុបចំនួន៣០ប្រទេស។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងការបរទេសបានបញ្ជាក់ថា «ថ្នាក់ដឹកនាំមកពីអឺរ៉ុបទាំងនោះនឹងមកឃើញប្រទេសកម្ពុជាយើងពិតប្រាកដ តើអភិវឌ្ឍន៍ប្រទេសដល់ណាហើយ ហើយប្រទេសយើងដែលគាត់ធ្លាប់ឮ គាត់អាន គាត់ឮតាមកាសែតហ្នឹងថា ប្រទេសដែលរ៉ាំរ៉ៃដោយសង្គ្រាមស៊ឺវិលរាប់សិបឆ្នាំនេះ ឥឡូវនេះក្លាយជាប្រទេសមួយដែលមានសុខសន្តិភាពពេញលេញហើយ ក៏ក្លាយជាប្រទេសមួយដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏ធំមួយនេះ។ នេះជាអ្វីដែលជាមោទនភាពរបស់យើង»។
សូមជម្រាបជូនថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះតាមប្រព័ន្ធអនឡាញ នឹងប្រព្រឹត្ដទៅ នាថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ដែលក្នុងកិច្ចប្រជុំនេះដែរ ក៏មានវេទិកាអមចំនួន៦ផ្សេងទៀត ក្នុងនោះរួមមាន វេទិកាអាស៊ី-អឺរ៉ុប ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (Asia-Europe Forum on Women, Peace & Security) កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (11th Asia-Europe Parliamentary Partnership Meeting, ASEP11) បុណ្យវប្បធម៌អាស៊ី-អឺរ៉ុប (ASEM Cultural Festival 2020) កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុប (ASEF Young Leaders Summit) កិច្ចពិភាក្សាតុមូលក្រុមនិពន្ធនាយកសារព័ត៌មាន នៃមូលនិធិអាស៊ី-អឺរ៉ុប លើកទី១០ (10th ASEF Editors' Roundtable, ASEFERT 10) និងវេទិកាធុរកិច្ច និងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (1st Asia-Europe Economic & Business Forum, AEEBF1)។
ជាមួយគ្នានេះផងដែរ ឯកឧត្តម លុយ ដាវីត ក៏បានបន្ថែមថា «ផលប្រយោជន៍ យើងអាចទាក់ទាញបានពីកិច្ចប្រជុំនេះផលប្រយោជន៍ធំ ទី១គឺបង្ហាញពីសមត្ថភាពរបស់យើង ទី២ បង្ហាញពីអរិយធម៌និងវប្បធម៌ដ៏វ័យចំណាស់របស់យើង ហើយដែលយើងអាចទាក់ទាញបាននូវទេសចរណ៍ច្រើន ហើយនិងវិនិយោគច្រើន។ ខ្ញុំជឿជាក់ថា ធនធានមនុស្សដែលយើងមានគឺអាចរៀបចំកិច្ចប្រជុំបានល្អ»៕
ខ្លឹមសារទាំងស្រុងពី ៖ AKP

លេខាធិការដ្ឋានរៀបចំវេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១ (AEEBF1) ផ្តល់ជូនវឌ្ឍនភាពដល់សភាធុរកិច្ចអន្តរជាតិប្រចាំនៅកម្ពុជា (IBC)
នៅរសៀលថ្ងៃទី ២៣ ខែសីហាឆ្នាំ ២០២១ ឯកឧត្ដម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមលេខាធិការដ្ឋានរៀបចំវេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១ (AEEBF1) បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរួមគ្នាមួយសភាធុរកិច្ចអន្តរជាតិប្រចាំនៅកម្ពុជា (IBC) ដើម្បីផ្តល់ជូននូវវឌ្ឍនភាពចុងក្រោយនៃការត្រៀមរបៀចំវេទិកានេះ។
ដោយសារតែ វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១ (AEEBF1) ខិតជិតមកដល់ លេខាធិការដ្ឋានត្រៀមរៀបចំវេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១ (AEEBF1) បានកំពុងស្វែងរកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូទាំងអស់រួមទាំង សភាធុរកិច្ចអន្តរជាតិប្រចាំនៅកម្ពុជា (IBC) ផងដែរ ។ សភាធុរកិច្ចអន្តរជាតិប្រចាំនៅកម្ពុជា (IBC) បានកត់សំគាល់យ៉ាងច្បាស់អំពីការវិវត្តរីកចម្រើនរបស់ វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១ ហើយបានជម្រាបជូនឯកឧត្តមនិងក្រុមការងារថា សភាធុរកិច្ចអន្តរជាតិប្រចាំនៅកម្ពុជា (IBC) ទន្ទឹងរង់ចាំផ្តល់នូវការជួយជ្រោមជ្រែងចាំបាច់ ដើម្បីចូលរួមធ្វើឱ្យការរៀបចំវេទិកានេះទទួលបានភាពជោគជ័យ។
វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១ (AEEBF1) ត្រូវបានរំពឹងថានឹងរៀបចំឡើងតាមប្រព័ន្ធវីដេអូនៅថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០២១ ដែលជាព្រឹត្តិការណ៍អមដ៏សំខាន់មួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ (ASEM13)។

លេខាធិការដ្ឋាន វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១ ស្វែងរកកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងការស្វែងរកវាគ្មិនកិត្តិយស
នៅរសៀលថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០២១ ឯកឧត្ដម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមលេខាធិការដ្ឋានរៀបចំវេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរួមគ្នាជាមួយដៃគូទាំងអស់ រួមទាំងស្ថានទូតបរទេស សភាពាណិជ្ជកម្ម និងដៃគូនានា ក្នុងគោលបំណងធ្វើបច្ជុប្បន្នភាព និងវឌ្ឍនភាពអំពីការរៀបចំរបស់ វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១ ក៏ដូចជាការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការឆ្ពោះទៅមុខបន្តទៀត។
ដោយសារ វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុប បានខិតជិតមកដល់ហើយ លេខាធិការដ្ឋាន វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១ បានបញ្ចប់នូវពង្រាងរបៀបវីរៈកម្មវិធី ហើយក៏មានការពិភាក្សាក្នុងការស្វែងរកជំនួយសហការពីគ្រប់ដៃគូទាំងអស់ក្នុងការទាក់ទងទៅវាគ្មិនកិត្តិយស សាកសួរអំពីលទ្ធភាពក៏ដូចជាចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងវេទិកានេះ។
ការស្នើសុំរបស់លេខាធិការដ្ឋាន វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១ ត្រូវបានឆ្លើយតបដោយវិជ្ជមានពីដៃគូទាំងអស់ ដោយពួកគេបានជូនដំណឹងដល់ឯកឧត្តមថា ពួកគេបានជួយទំនាក់ទំនងទៅកាន់វាគ្មិន ដែលបានស្នើសុំហើយសង្ឃឹមថានឹងមាននូវដំណឹងល្អឆាប់ៗតាមដែលអាចធ្វើទៅបាន។
បន្ទាប់ពីឆ្លងកាត់គ្រាលំបាកមួយចំនួនក្នុងកំឡុងពេលមានជំងឺរាតត្បាត វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១ គ្រោងនឹងប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូនៅថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០២១ ជាព្រឹត្តិការណ៍អមសំខាន់មួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ (ASEM13) ។

វេទិកា AEEBF1 ស្វែងរកកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយជាមួយអនុគណៈកម្មការប្រព័ន្ធផ្សព្វផ្សាយរបស់ ASEM13
នៅថ្ងៃទី ០៦ ខែសីហាឆ្នាំ ២០២១ តាមការប្រជុំតាមប្រព័ន្ធវីដេអូ ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានដឹកនាំក្រុមការងារលេខាធិការដ្ឋានរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយជាមួយអនុគណៈកម្មការក្រុមការងារទទួលបន្ទុកប្រព័ន្ធផ្សព្វផ្សាយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ ដែលជា ដឹកនាំដោយឯកឧត្ដម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការសារព័ត៌មាននៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ ។
ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ហើយបានយល់ព្រមសហការគ្នាយ៉ាងជិតស្និទ្ធបន្ថែមទៀតទាក់ទងនឹងការរៀបចំប្រព័ន្ធផ្សព្វផ្សាយសម្រាប់ វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១។

AEEBF1 ពិភាក្សាអំពីលទ្ធភាពនៃការរៀបចំព្រឹត្តិការណ៍អមសម្រាប់វេទិកា AEEBF1 ជាមួយ EuroCham
នៅរសៀលថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២១ ឯកឧត្តម សំហេង បូរ៉ា ប្រធានក្រុមលេខាធិការដ្ឋាន AEEBF1 បានរៀបចំកិច្ចពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ជាមួយលោក Tassilo BRINZER ប្រធានក្រុមប្រឹក្សាភិបាលនៃ EuroCham ក្នុងការពិនិត្យលទ្ធភាពដើម្បីរៀបចំព្រឹត្តិការណ៍អមជាមួយ AEEBF1 ដោយភាគីទាំងពីរ។
ឯកឧត្តម សំហេង បូរ៉ា បានថ្លែងអំណរគុណ និងបង្ហាញការពេញចិត្តចំពោះសំណើរដែលរៀបចំឡើងដោយ EuroCham ។ ភាគីទាំងពីរបានឯកភាពគ្នាពិភាក្សាបន្ថែមទៀតអំពីលទ្ធភាពនានាក្នុងការរៀបចំអោយមានព្រឹត្តិការណ៍អមដែលបានស្នើឡើងនេះ ជាមួយវេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១។