Author: asurraa

លេខាធិការដ្ឋាន​ AEEBF1 រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀប ចំវេទិកានាពេលខាងមុខ

នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ក្រុមលេខាធិការដ្ឋានរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ បានជួបប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំវេទិកាជាមួយលោក Stewart Clayton ប្រធាននាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិនៃស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា តាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពការងារត្រៀមរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១។

កិច្ចប្រជុំពិភាក្សាលើគម្រោងថវិកាសម្រាប់ព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូល ASEM13

កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានរៀបចំកិច្ចពិភាក្សាលើគម្រោងថវិការបស់លេខាធិការដ្ឋាន និងអនុគណៈកម្មការទាំង០៥ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ក្រោមអធិបតីភាព ឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានប្រចាំការអនុគណៈកម្មការហិរញ្ញវត្ថុ និង លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានអនុគណៈកម្មការរៀបចំព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ តាមរយៈប្រព័ន្ធវីដេអូ (Zoom meeting)។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ជាតំណាងនៃក្រុមការងាររៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ផងដែរ។

 

កិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារ របស់ក្រុមការងារពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំ “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១”

(រាជធានីភ្នំពេញ)៖ កាលពីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់ក្រុមការងារពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំ “វេទិកាសេដ្ឋកិច្ច និង ធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” តាមរយៈប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងមន្រ្តីនៃនាយកដ្ឋានជំនាញ សរុបចំនួន ៤៤រូប។ គោលបំណង នៃកិច្ចប្រជុំខាងលើនេះគឺដើម្បីពិនិត្យ លើវឌ្ឍនភាពការងាររបស់គណៈកម្មការ លេខាធិការដ្ឋាន និងក្រុមការងារបច្ចេកទេសរៀបចំ “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១”។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានមានមតិស្វាគមន៍ និងបានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា គ្រោងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ “កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣” នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ បាននិងកំពុងបន្តការរាលដាលយ៉ាងខ្លាំងលើសកលលោក បានធ្វើឱ្យការត្រៀមរៀបចំកិច្ចប្រជុំកំពូលនេះ ត្រូវបានពន្យាពេល និងសម្រេចរៀបចំ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីឌេអូវិញ។ ដោយឡែក វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ គឺជាវេទិកាអមមួយក្នុងចំណោមវេទិកាអមទាំង០៧ របស់កិច្ចប្រជុំកំពូល ASEM-13 ដែលក្រសួងពាណិជ្ជកម្មកំពុងត្រៀមរៀបចំ។ វេទិកានេះ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ តាមរយៈប្រព័ន្ធវីឌេអូ ដូចនឹងកិច្ចប្រជុំកំពូល ASEM ដែរ។

វេទិកានេះជាឱកាសសម្រាប់អ្នកដឹកនាំអាជីវកម្មមកពីទ្វីបអាស៊ី និងអឺរ៉ុបធ្វើការទំនាក់ទំនងគ្នារវាងប្រទេសក្នុងទ្វីបទាំងពីរ ក៏ដូចជាចែករំលែក និងពិភាក្សាកិច្ចការ ដែលទាក់ទងលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងជាវេទិកាសម្រាប់មេដឹកនាំនយោបាយមកពីទ្វីបទាំងពីរ ចូលរួមដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍនៃបណ្តាប្រទេសទាំងអស់ក្នុងទី្វបទំាងពីរ អាស៊ី-អឺរ៉ុប។

បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ឱកាសជូន ឯកឧត្តម-លោកជំទាវ ប្រធានក្រុមការងារនីមួយៗ រាយការណ៍អំពីវឌ្ឍនភាពការងាររបស់ខ្លួនដែលមានដូចជា៖ ក្រុមលេខាធិការដ្ឋាន បានរៀបចំគេហទំព័ររបស់វេទិកា, បានរៀបចំឯកសារពាក់ព័ន្ធ និងជួបជាមួយដៃគូ សហការ, បានរៀបចំអញ្ជើញវាគ្មិន និងភ្ញៀវចូលរួម។ ក្រុមការងារឯកសារ និងផ្សព្វផ្សាយព័ត៌មាន បានរៀបចំឯកសារមួយចំនួនសម្រាប់ដាក់ចូលក្នុងគេហទំព័ររបស់វេទិកា, បានរៀបចំ Concept Note និងកម្មវិធីវេទិកា, និងបានចូលរួមប្រជុំជាមួយក្រុមការងារក្រសួងព័ត៌មានក្នុងការរៀបចំវីដេអូផ្សព្វផ្សាយ។ ក្រុមការងារពិធីការ រៀបចំកន្លែងប្រជុំ ដឹកជញ្ជូន សិល្បៈ និងសន្តិសុខ បានរៀបចំ ទីតាំងសម្រាប់វេទិកា, រៀបចំគំរូប្លង់ពិធីបើក និងដំណើរការនៃវេទិកា, បានទំនាក់ទំនងជាមួយក្រុមហ៊ុនឯកជនដែលត្រូវរៀបចំប្រព័ន្ធ បច្ចេកទេសអ៊ីនធ័រនែត, រៀបចំអ្នកបកប្រែ, និងរៀបចំឧបករណ៍វាស់កម្តៅ ម៉ាស និងអាល់កុលលាងដៃ ស្របតាមវិធានការពាររបស់ក្រសួងសុខាភិបាល។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានមានមតិបូកសរុប ណែនាំការងារមួយចំនួន និងកោតសរសើរដល់ក្រុមការងារទាំងអស់ដែលបានខិតខំបំពេញការងារតាមភារកិច្ចរៀងៗខ្លួននាពេលកន្លងមក។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” នឹងដំណើរការទៅមុខបានយ៉ាងរលូន និងទទួលបានជោគជ័យ៕

ព្រឹត្តិការណ៍អមរបស់ ASEM13 មានវឌ្ឍនភាពល្អខណៈកិច្ចប្រជុំកំពូលកាន់តែជិតចូលមកដល់

នៅព្រឹកថ្ងៃទី ២៧ ខែសីហាឆ្នាំ ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សានិងពិនិត្យឡើងវិញអំពីវឌ្ឍនភាពនៃការរៀបចំ និងការត្រៀមខ្លួនកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ (ASEM13) និងព្រឹត្តិការណ៍អមរបស់ខ្លួន។

 

កិច្ចប្រជុំបានពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍អមនៅពេលកិច្ចប្រជុំកំពូលខិតជិតមកដល់ហើយបានពិភាក្សាអំពីការរៀបចំបន្ថែមនៃព្រឹត្តិការណ៍នីមួយៗដែលត្រូវការសម្របសម្រួលបន្ថែមទៀតរៀងៗខ្លួន។ លោកជំទាវតឹករ៉េក កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានរាយការណ៍ដោយសង្ខេបអំពីវឌ្ឍនភាពរបស់វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១ AEEBF1 និងបានជូនដំណឹងអំពីកិច្ចការងារបន្តដែលក្រុមការងារត្រូវបន្តរៀបចំដើម្បីអាចឱ្យវេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ នេះរៀបចំបានដោយជោគជ័យ។

នៅពេលទទួលបានព័ត៌មានថ្មីៗអំពីវឌ្ឍនភាពរបស់ វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១ (AEEBF1) អង្គប្រជុំបានកោតសរសើរចំពោះគណៈកម្មការរៀបចំនិងស្វាគមន៍លទ្ធផលជាផ្លែផ្កាជោគជ័យនៃ វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១។