ប្រទេសជាសមាជិក ASEM បានចូលរួមចំណែកប្រមាណ៦៥% នៃសេដ្ឋកិច្ចពិភពលោក ៥៥%នៃពាណិជ្ជកម្មពិភពលោក និង៧៥%នៃសកម្មភាពពាក់ព័ន្ធនឹងវិស័យទេសចរណ៍ពិភពលោក បើយោងទៅតាមមូលនិធិអាស៊ី-អឺរ៉ុប(២០២១)។ ទំហំពាណិជ្ជកម្មរវាងអាស៊ីនិងអឺរ៉ុបដែលគួរឱ្យកត់សម្គាល់ បានបង្ហាញពីសារៈសំខាន់នៃតួនាទីរបស់ប្លុកទាំងពីរ នៅក្នុងសេដ្ឋកិច្ចពិភពលោក ជាពិសេសការផ្លាស់ប្តូរនៅក្នុងបរិបទបដិវត្តឧស្សាហកម្មទី៤។
ការប្តេជ្ញាចិត្តយ៉ាងមោះមុតដោយអាស៊ីនិងអឺរ៉ុប ក្នុងការថែរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាព កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព វិបុលភាពរួមគ្នា និងការអភិវឌ្ឍសង្គម បានធ្វើឱ្យចំណងមិត្តភាពរវាងតំបន់ទាំងពីរ មានភាពរឹងមាំ និងភាពធន់។ ភាពធន់នៃតំបន់ទាំងពីរ ដែលកើតចេញពីការផ្លាស់ប្តូរពីគំរូបច្ចេកវិទ្យាទៅជាបដិវត្តឧស្សាហកម្មទី៤ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសមត្ថភាពក្នុងការសម្របទៅនឹងការរីកចម្រើនជាបន្តបន្ទាប់ខាងបច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងការរីកចម្រើនយ៉ាងឆាប់រហ័សនៃខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ទោះបីជាទំហំពាណិជ្ជកម្មនៃតំបន់ទាំងពីរ មានកិត្យានុភាពទំហំទឹកប្រាក់ច្រើនក៏ដោយ ក៏ពិភពលោក នៅតែបន្តទទួលរងនូវផលប៉ះពាល់លើសេដ្ឋកិច្ច អំឡុងពេលនៃការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីការរីករាលដាលនៃជម្ងឺកូវីដ-១៩។
សេដ្ឋកិច្ចពិភពលោក ត្រូវបានព្យាករណ៍ថានឹងមានការកើនឡើងប្រមាណ ៣,៨% នៅក្នុងឆ្នាំ២០២២(ធនាគារពិភពលោកនៅឆ្នាំ២០២១)។ ទោះជាយ៉ាងណាក្តី បណ្តាប្រទេសទាំងអស់នៅលើពិភពលោក បានទទួលរងនូវបទពិសោធន៍នៃការខូចខាតយ៉ាងធ្ងន់ធ្ងរចំពោះសេដ្ឋកិច្ចជាតិរបស់ខ្លួន ដែលនឹងបណ្តាលឱ្យស្ថានភាពកាន់តែលំបាកជាមុន បន្ទាប់ពីជួបប្រទះឱនភាពផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំងមួយនៅក្នុងទសវត្សនេះ។ ដូចនេះ ជាក់ស្តែង បណ្តាប្រទេសនានានៅលើពិភពលោក ចាំបាច់ត្រូវដោះស្រាយបញ្ហាប្រឈមថ្មីៗជាច្រើន ចាប់ពីឆ្នាំ២០២១តទៅ។ ខ្សែច្រវាក់តម្លៃ និងច្រវាក់ផ្គត់ផ្គង់សកល ត្រូវបានរំខាន ហើយគន្លងប្រក្រតីភាពថ្មី សម្រាប់ទម្រង់នៃប្រតិបត្តិការពាណិជ្ជកម្ម ចាប់ផ្តើមបង្ហាញទម្រង់ជា៖ ការចែកចាយដោយគ្មានទំនាក់ទំនង ការផ្ទេរប្រតិបត្តិការអាជីវកម្មទៅប្រទេសជិតខាង ការធ្វើប្រតិបត្តិការក្នុងតំបន់ និងការធ្វើមូលដ្ឋានីយកម្ម ដែលទម្រង់ទាំងនេះ អាចនឹងក្លាយទៅជាអនុសាសន៍រួម ក្រោយពេលដែលស្ថានការណ៍រីករាលដាលនៃជម្ងឺកូវីដ-១៩ បានបញ្ចប់។ ទាំងនេះ ជាអ្វីដែលអាស៊ីនិងអឺរ៉ុបត្រូវសម្លឹងមើល ដើម្បីធានាកំណើន នៅក្នុងបរិបទថ្មីនៃសក្ដានុពលពាណិជ្ជកម្មពិភពលោក។
ថ្វីត្បិតតែរងផលប៉ះពាល់ ដែលបណ្តាលមកពីការរីករាលដាលជាសកលនៃជម្ងឺកូវីដ-១៩ ក៏ពាណិជ្ជកម្ម នៅតែបន្តសកម្មភាព ហើយស្របពេលជាមួយបដិវត្តន៍ឧស្សាហកម្មទី៤ ពហុភាគីនិយម មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់តំបន់ទាំងពីរ ជាពិសេសតួនាទីដ៏សំខាន់ក្នុងការបន្តលើកស្ទួយកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គម តាមរយៈការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានលក្ខណៈទំនើប និងគ្រប់ជ្រុងជ្រោយជាច្រើន ទាំងក្របខណ្ឌទ្វេភាគី និងតំបន់ ដែលបានកើនឡើងពីចំនួន៧០កិច្ចព្រមព្រៀងតែប៉ុណ្ណោះក្នុងឆ្នាំ១៩៩០ រហូតដល់ច្រើនជាង៣០០កិច្ចព្រមព្រៀងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បើផ្អែកតាមរបាយការណ៍ពាណិជ្ជកម្មពិភពលោក បោះពុម្ពផ្សាយដោយអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០១១។ វិស័យពាណិជ្ជកម្ម និងទេសចរណ៍ ដែលត្រូវបានរំពឹងថានឹងងើបឡើងវិញក្រោយពីការរីករាលដាលនៃជម្ងឺកូវីដ-១៩ នឹងជួយជម្រុញឡើងវិញនូវតួនាទីនៃវិស័យទាំងពីរឱ្យកា្លយជាប្រភពដ៏សំខាន់សម្រាប់ការងារ ប្រាក់ចំណូល ព្រមទាំងអំណាចទិញរបស់ស្រ្តីផងដែរ។ វិស័យទាំងពីរ គឺជាកម្លាំងចលករពង្រឹងសុខមាលភាពសង្គម និងស្តារសេដ្ឋកិច្ចឡើងវិញ។ ទោះបីជាយ៉ាងណា រាល់ទិដ្ឋភាពនៃពាណិជ្ជកម្មក្នុងពេលបច្ចុប្បន្ន ត្រូវពិចារណាដោយផ្សារភ្ជាប់ជាមួយនឹងឥទ្ធិពលដែលបណ្តាលមកពីជម្ងឺកូវីដ-១៩។
វាពិតជាសំខាន់ក្នុងការទទួលស្គាល់ថា ខណៈដែលមានការផ្លាស់ប្តូរយ៉ាងរហ័សផ្នែកបច្ចេកវិទ្យា នាំមកឱ្យតំបន់ទាំងពីរនូវឱកាសថ្មីៗជាច្រើន។ ដោយសារតែភាពខុសគ្នានៃកម្រិតអភិវឌ្ឍន៍រវាងតំបន់ទាំងពីរ ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ពុំទាន់អាចសម្របខ្លួននិងទាញយកផលប្រយោជន៍ជាអតិបរិមាពីឱកាសថ្មីៗទាំងនេះឡើយ។ បន្ថែមពីនេះ បញ្ហាប្រឈមជាច្រើនដែលកំពុងមាន នៅតែបន្តពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ និងភាពមិនស្របគ្នាដោយអន្លើនៃច្បាប់និងបទប្បញ្ញត្តិរវាងតំបន់ទាំងពីរ ដែលចាំបាច់ត្រូវតែទទួលស្គាល់ និងយកចិត្តទុកដាក់ ជាពិសេសនៅពេលចូលរួមចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ពិភពលោកនៅពេលបច្ចុប្បន្ន គួរត្រូវកែសម្រួលឱ្យបានស៊ីជម្រៅ និងប្រាកដប្រាជានូវការធ្វើពាណិជ្ជកម្មទូទាំងតំបន់ ដោយសារតែឱនភាពសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។ ក្នុងបរិបទនេះ វាមានតម្លៃជាសារវន្តសម្រាប់ប្លុកទាំងពីរ ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ តាមរយៈយន្តការចាំបាច់នានា រួមមានដូចជា៖ ការបែងចែកវ៉ាក់សាំងបង្ការកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព សេរីភាវូបនីយកម្មពាណិជ្ជកម្ម ការកាត់បន្ថយការិយាធិបតេយ្យហួសហេតុសម្រាប់កំណើននាំចេញ ការជម្រុញពាណិជ្ជកម្មអេឡិចត្រូនិកតាមការធ្វើឌីជីថលូបនីយកម្ម និងការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធដល់ប្រទេសកំពុងអភិវឌ្ឍន៍។
ដើម្បីពិភាក្សាពីសក្តានុពលពាណិជ្ជកម្មខាងលើ ក៏ដូចជាឥទ្ធិពលដែលបណ្តាលមកពីការរីករាលដាលនៃជម្ងឺកូវីដ-១៩ លើវិស័យពាណិជ្ជកម្មនិងវិនិយោគ ប្រទេសកម្ពុជាមានក្តីសោមនស្សក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1) ក្រោមមូលបទ “ការផ្លាស់ប្តូរទៅគន្លងប្រក្រតីភាពថ្មី៖ លើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្ម ៤.0” ដើម្បីប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ បញ្ញាវ័ន្ត និងជំនាញការតាមវិស័យដែលមានសមត្ថភាព និងចំណេះដឹង ក្នុងផ្នែកប្រតិបត្ដិការ ភស្តុភារ និងសេដ្ឋកិច្ច ស្តីពីខ្សែច្រវាក់តម្លៃ/ផ្គត់ផ្គង់នៃបដិវត្តន៍ឧស្សាហកម្ម ៤.0 ដើម្បីពិភាក្សា និងឆ្លុះបញ្ចាំងពីឧត្តមានុវត្តន៍ដែលពាក់ព័ន្ធ។
វេទិកាខាងលើ នឹងត្រូវរៀបចំឡើង តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងទម្រង់ជាព្រឹត្តិការណ៍អមសំខាន់មួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។ វេទិកានេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំពិភពលោក អ្នករៀបចំគោលនយោបាយ បញ្ញាវ័ន្ត ធុរជន និងដៃគូអភិវឌ្ឍន៍ដទៃទៀតមកពីអាស៊ីនិងអឺរ៉ុប ក្នុងគោលបំណងពិភាក្សាយ៉ាងស៊ីជម្រៅរវាងអ្នកពាក់ព័ន្ធទាំងអស់ លើប្រធានបទផ្សេងៗគ្នា។