លេខាធិការដ្ឋាន វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១ ស្វែងរកកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងការស្វែងរកវាគ្មិនកិត្តិយស

នៅរសៀលថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០២១ ឯកឧត្ដម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមលេខាធិការដ្ឋានរៀបចំវេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរួមគ្នាជាមួយដៃគូទាំងអស់ រួមទាំងស្ថានទូតបរទេស សភាពាណិជ្ជកម្ម និងដៃគូនានា ក្នុងគោលបំណងធ្វើបច្ជុប្បន្នភាព និងវឌ្ឍនភាពអំពីការរៀបចំរបស់ វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១ ក៏ដូចជាការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការឆ្ពោះទៅមុខបន្តទៀត។

ដោយសារ វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុប បានខិតជិតមកដល់ហើយ លេខាធិការដ្ឋាន វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១ បានបញ្ចប់នូវពង្រាងរបៀបវីរៈកម្មវិធី ហើយក៏មានការពិភាក្សាក្នុងការស្វែងរកជំនួយសហការពីគ្រប់ដៃគូទាំងអស់ក្នុងការទាក់ទងទៅវាគ្មិនកិត្តិយស សាកសួរអំពីលទ្ធភាពក៏ដូចជាចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងវេទិកានេះ។

ការស្នើសុំរបស់លេខាធិការដ្ឋាន វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១ ត្រូវបានឆ្លើយតបដោយវិជ្ជមានពីដៃគូទាំងអស់ ដោយពួកគេបានជូនដំណឹងដល់ឯកឧត្តមថា ពួកគេបានជួយទំនាក់ទំនងទៅកាន់វាគ្មិន ដែលបានស្នើសុំហើយសង្ឃឹមថានឹងមាននូវដំណឹងល្អឆាប់ៗតាមដែលអាចធ្វើទៅបាន។

បន្ទាប់ពីឆ្លងកាត់គ្រាលំបាកមួយចំនួនក្នុងកំឡុងពេលមានជំងឺរាតត្បាត វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១ គ្រោងនឹងប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូនៅថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០២១ ជាព្រឹត្តិការណ៍អមសំខាន់មួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ (ASEM13) ។